Sunday, February 28, 2016

ផ្តើមដោយស្អប់បញ្ចប់ដោយស្រលាញ់ ភាគ10






និពន្ធដោយសុបិន្ត.

តែ… បើ​ក​ទ្វារមិន​ទាន់​អស់​មួយ​ភាគ​បួន​ផង​… បង​អន្ធិកា… គាត់… គាត់​ឈរ​ត្រៀម​ចាំ​នៅ​មាត់​ទ្វារ​តែ​ម្តង… ហ៊ឺយយយ!!! O.O!!! មិន​ដឹង​ថា​គួរ​និយាយ​បែបណា​ទេ​ ដឹង​​ត្រឹម​ថា​ពេល​នោះ​ខ្ញុំ​ស្ទើរ​ធ្លាក់​ថ្លើម​​ដល់​បាតពាង​ទៅ​ហើយ! លស់​ព្រលឹង​អស់​រលីង​… តែ​គំនិត​ប្រតិកម្ម​របស់​ខ្ញុំ​​ក៏​រេផ្លិច​មិន​ធម្មតា​ ទើប​ប្រញាប់​​ទាញ​ទ្វារ​បិទ​យ៉ាង​រហ័ស… ប៉ុន្តែ​​មិន​ទាន់​ការណ៍​សោះ បង​អន្ធិកា​លឿន​ជាង​ខ្ញុំ​ទៅទៀត! គាត់​រុញ​ទ្វារ​ចូល​មក​តែ​ម្តង កម្លាំង​គាត់​ខ្លាំង​ជាង​កម្លាំង​ខ្ញុំ​ដែល​​​រុញ​ទ្វារ​បិទនោះ​ឆ្ងាយ​ណាស់​ គឺ​យឺត​​តែ​មួយ​វិនាទី​ប៉ុណ្ណោះ… តែ​មួយ​ប៉ព្រិច​ភ្នែក​ពិត​មែន បង​អន្ធិកា​ក៏​ចូល​មក​ក្នុង​បង្គន់​ជាមួយ​ខ្ញុំបាន… ខ្ញុំ​ចាប់​ផ្តើម​ញ័រ​ខ្លួន​ទទ្រើត​គិត​នៅ​ក្នុង​ចិត្ត​ថា ស៊យ​ទៀត​ហើយ​​ខ្ញុំ! តើ​​លើក​នេះ​ខ្ញុំ​ត្រូវ​ជួប​អ្វី​ខ្លះ​ទៀត​នៀកកក…???​​
          សភាព​រាង​កាយ​របស់​បង​អន្ធិកា​ក្នុង​​ពេល​នោះ… ស្លៀក​តែ​ខោ​ខ្លី​ហែល​ទឹក​ពណ៌​ខ្មៅ​ និង​មាន​កន្សែង​ពោះ​គោ​ពណ៌​ស​បង់​ជាប់​នឹង​ក​… គឺ​ថា​បើ​នេះ​ជា​រូប​ភាព​ដែល​ចេញ​ផ្សាយ​តាម​​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​ផ្សេង​ៗ​ច្បាស់​ជា​​មើល​ឃើញ​ស៊ិច​ស៊ី​មិន​ធម្មតា​ទេ! រូប​រាង​បង​អន្ធិកា​សង្ហា​​​មិន​ខុស​​ពី​បុរស​បង្ហាញ​​ម៉ូត​​ប្រភេទ​នោះ​ឡើយ​។ តែ​នៅ​ពេល​នោះ​ខ្ញុំ​ភ័យ​​ខ្លាំង​ណាស់ ​ទោះ​បី​ជា​​គាត់​សង្ហា​ស៊ិច​ស៊ី​យ៉ាងណា​ក៏​ដោយ​ក៏​ខ្ញុំ​គ្មាន​អារម្មណ៍​នឹក​ចង់​ឡើង​មក​ដែរ… គិត​ឃើញ​តែ​ម្យ៉ាង​ថា ខ្ញុំ​ច្បាស់​ជាងាប់​ហើយ​លើក​នេះ!! YOY
          បង​អន្ធិកា​ញញឹម​បាន​ចិត្ត​​​ ប្រហែល​ជា​គិត​ថា​ខ្ញុំ​នេះ​ល្ងង់​ជាង​គាត់​ទៀត​មើល​ទៅ!>.,< គាត់​ដើរ​ចូល​មក​ជិត​​ខ្ញុំ​ហើយ​សួរ​ថា​ ហេតុ​អ្វី​មក​យឺត?… ពេល​នោះ​ខ្ញុំ​មិន​ទាន់​បាន​តប​នៅ​ឡើយ​ទេ​​​​​​​​​​​​​​ ព្រោះ​អារម្មណ៍​ស្រាប់​​តែ​អណ្តែត​អណ្តូង​ថា ខ្លួន​ឯង​​​កំពុង​​ស្ថិត​នៅ​សួន​ផ្កា​ដ៏​​សែន​ក្រអូប​ឈ្ងុញ​ឈ្ងប់​មួយ​ជា​មួយ​គាត់-___-;;​​។ ខ្ញុំ​ថា​អារម្មណ៍​ខ្លួន​ឯង​ក្នុង​ពេល​នោះ​បាន​ផ្លាស់​ប្តូ​រ​​​អស់​​ទៅ​ហើយ លែង​ខ្លាច​ទៀត​ហើយ វា​រវើរវាយ​យ៉ាងម៉េច​ប្រាប់​មិន​ត្រូវ។ គិត​មើល​ខ្លួន​ឯង​ទៅ​ដឹង​ហើយ កំពូល​បុរស​សង្ហា​ស៊ិច​ស៊ី​​ខ្លួន​ស្ទើរ​តែ​ននល​គក​ទាំង​អស់​​ឈរ​​នៅ​ចំពោះ​មុខ​ពីរ​នាក់​ត​ទល់​ ថែម​ទាំង​មាន​​ជាប់​ក្លិនសាប៊ូ​​ងូត​ទឹក​​ក្រអូប​​ប្រហើរ​​ ដិត​ជាប់​ច្រមុះ​ទៀត… អូយយយ… មិន​ដឹង​ថា​គួរ​ពណ៌នា​យ៉ាង​ណា​ទេ កើត​មក​នៅ​មិន​ធ្លាប់​គិត​សោះ​ថា​នឹង​បាន​ជួប​យ៉ាងនេះ!~(+_+)~ ពិសេស​កន្សែង​ពោះ​គោ​ដែល​បង់​ជាប់​ក​នោះ​ហើយ ​ធ្វើឲ្យ​ខ្ញុំ​វង្វេងវង្វាន់​អស់​មួយ​សន្ទុះ​ធំ…
          ខ្ញុំ​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​ទៅ​គាត់​វិញ​ផង​ ​បង​អន្ធិកា​ក៏ច្រត់​​ដៃ​ផ្អឹប​ខ្លួន​ខ្ញុំ​ជាប់​នឹង​​ជញ្ជាំង​។ ខ្លួន​ខ្ញុំ​ទាំង​មូល​ស្ថិត​នៅ​ក្នុង​​រង្វង់​ទ្រូង​របស់​គាត់​ សំឡេង​បេះ​ដូង​ញ័រ​ញាក់​ឌឹប​ឌាក់​ៗ​ឮ​យ៉ាង​ច្បាស់  ចំហាយ​ក្តៅ​ភាយ​ៗ​ជះ​មក​លើ​ផ្ទៃ​មុខ​ខ្ញុំធ្វើ​ឲ្យ​ព្រឺ​សម្បុរ​គីង្គក់​។ ​មុខ​ខ្ញុំ​ពេល​នោះ​ស្ទើរ​​តែ​​ជល់​នឹង​មុខ​គាត់​តែ​ម្តង​​គឺ​ខ្វះ​តែ​បន្តិច​ប៉ុណ្ណោះ​ច្រមុះ​គាត់​នឹង​ប៉ះ​ថ្ពាល់​ខ្ញុំ​… បង​អន្ធិកា​ឈប់​និយាយ ​ហើយ​ត្រលប់​មក​សម្លឹង​​ភ្នែក​ខ្ញុំ​វិញ។ តាម​ធម្មតា​ខ្ញុំ​មិន​ធ្លាប់​សម្លឹង​ភ្នែក​នរណា​​យូរ​ៗ​​ប៉ុន្មាន​ទេ តែ​ក៏​ធ្លាប់​ដឹង​មក​ខ្លះ​ៗ​ថា​ភ្នែក​​មនុស្ស​យើង​អាច​និយាយ​បាន​! … ខ្ញុំ​ក៏​ជឿ​តែ​មិន​បាន​ជឿ​ទាំងអស់​ទេ​ តែ​ថ្ងៃ​នេះ​សម្តី​ដែល​ថា​«​ភ្នែកចេះនិយាយ»​​​នេះ​ធ្វើ​​ឲ្យ​ខ្ញុំ​ជឿ​ទាំង​ស្រុង​។
          បង​អន្ធិកា​សម្លឹង​ភ្នែក​ខ្ញុំ ខ្ញុំ​ក៏​សម្លឹង​ភ្នែក​គាត់​វិញ។ នៅ​ពេល​នោះ​ ខ្ញុំ​ទទួល​អារម្មណ៍​ដឹង​ច្បាស់​ណាស់​​ថា​​បង​អន្ធិកា​កំពុង​បញ្ជូន​សារ​តាម​ខ្សែ​ភ្នែក​មក​កាន់​ខ្ញុំ ហើយ​កំពុង​និយាយ​ក្នុង​ន័យ​មួយ​ថា​… គឺ​គាត់​ត្រូវ​ការ​ខ្ញុំ! ចំណែក​ខ្ញុំ​​នោះ​​ឬ… ដែល​នៅ​សល់​អី​ទៀត! គ្រាន់​តែ​ខ្សែភ្នែក​​ដ៏​មុត​​ថ្លា​របស់​គាត់​​ ស្ទើរ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​រឹង​ខ្លួន​ដួល​ស្លាប់​​នៅ​នឹង​មុខ​គាត់​ទៅ​ហើយ(^_9) មនុស្ស​ប្រុស​អី​សង្ហា​ម្ល៉ឹងៗ!!​​​
          តែ​​​ទោះ​យ៉ាង​ណា​ ដោយ​សារ​ខ្ញុំ​​នៅ​រក្សា​ភាព​ជា​ម្ចាស់​ការ​លើ​ខ្លួន​ឯង​​បាន​ ខ្ញុំ​ក៏គេច​ខ្សែ​ភ្នែក​ពី​គាត់​(ទាំង​បង្ខំ^^*) ក្លែង​ធ្វើ​ឯង​​​គ្រាន់​បើ ​​ពុះ​ពារ​នឹង​ភ្លើង​កាមារម្មណ៍​ដែល​កំពុង​ដុត​រោល។ ខ្ញុំ​ងាក​មុខ​ទៅ​ទិស​ផ្សេង​ ហើយ​​សួរ​គាត់​​ដោយ​សំឡេង​តិច​ៗ​ព្រោះ​ខ្លាច​អ្នក​ដទៃ​ឮ៖
          «​បង​បញ្ឆោត​ខ្ញុំ​ឲ្យ​មក​ជួប​ដើម្បី​​អ្វី​ទៅ? បង​ធ្វើ​បែប​នេះ​ធ្វើ​​​អី?»
          «​យើង​នៅ​មិន​ទាន់​ដឹង​ទៀត​ឬ ថា​​ហេតុ​អ្វី​បង​ធ្វើ​បែប​នេះ?» គាត់​តប​ដោយ​សំឡេង​ស្រទន់​។
          «​បង​នៅ​មិន​ទាន់​ឈប់​គុំ​នឹង​ខ្ញុំ​​ទៀត​ តើ​មែន​ទេ? ឲ្យ​ខ្ញុំ​សុំ​ចុះ​ណា… សុំ​ទៅ​ចុះ… កុំ​ធ្វើ​បែប​នេះ​ដាក់​ខ្ញុំ​ទៀត… ខ្ញុំ​ភ្លេច​អ្វី​ដែល​បង​​ធ្លាប់​ធ្វើ​ដាក់​ខ្ញុំ​អស់​ហើយ​… ចាត់​ទុក​ថា​យើង​សង​គ្នា​​រួច​រាល់​​ទៅចុះ!» ខ្ញុំ​និយាយ​តែ​មិន​​ពូកែ​អង្វរ​ទេ​ ត្រឹម​អាច​ប្រាប់​​​អ្វី​ដែល​​មាន​នៅ​ក្នុង​​​ចិត្ត។
          «​​សង​គ្នា​រួច​រាល់?… មិន​រួច​ទេ ព្រោះ​វា​ជា​រឿង​ពីរ​ផ្សេង​គ្នា​សម្រាប់​ពេល​នេះ!» គាត់​និយាយ​ខ្សែ​ភ្នែក​នៅ​ស្រទន់​ដដែល។
          «​ខ្ញុំ​មិន​យល់​ទេ​ថាបង​ត្រូវ​ការ​អ្វី… តែ​ខ្ញុំ​សុំ​សួរ​មួយ​​​ទៅ​ចុះ… ខ្ញុំ​ចង់​ដឹង… តើ​បង​នៅ​ធ្វើ​បាប​ខ្ញុំ​ដល់​ណា​ទៀត? ហើយ​ឲ្យ​ខ្ញុំ​ធ្វើ​បែប​ណា​ទើប​បង​ព្រម​ឈប់​មក​រញ៉េ​រញ៉ៃ​នឹង​​ជីវិត​ខ្ញុំ​?»
          ខ្ញុំ​ចាប់​ផ្តើម​សំឡេង​ខ្លាំង​ជា​ង​មុន ​តែ​ក៏​មិន​ខ្លាំង​ណាស់​ណា​ដែរ​ រួច​និយាយ​ត៖
          «បង​… ឲ្យ​ខ្ញុំ​សុំ​ទៅ​ចុះ​ណា… កុំ​​ធ្វើ​ឲ្យ​ខ្ញុំ​ស្អប់​បង​ខ្លាំង​​ជាង​នេះ​អី ខ្ញុំ​ត្រូវ​ទៅ​ផ្ទះ!»​
          និយាយ​ចប់​ខ្ញុំ​​ក៏​ត្បុរ​ក្បាល​ចេញ​​ពី​ក្រោម​ដៃ​របស់​គាត់ ហើយ​ក៏​បើក​ទ្វារ​បន្ទប់​ទឹក​ដើរ​ចេញ​ទៅ។ មិន​បាន​រត់​ទេ… តែ​ពន្លឿន​ជំហាន​ជើងឲ្យ​កាន់​តែ​ញាប់​តាម​ដែល​អាចធ្វើ​បាន។ សំណាង​ល្អ​ដែល​គ្មាន​​នរណា​​ម្នាក់​សោះ​នៅ​ខាង​ក្រៅ បើ​មិន​អ៊ីចឹង​រឿង​ខ្ញុំ​ខ្ចរ​ខ្ចាយ​មិន​ខាន ​—O—! ។
          «​ចុះ​អម្បាញ់​មិញ ​និយាយ​អី​ជាមួយ​អាសន្ធិយា! ស្គាល់​វា​ដែរហ៎? ស្គាល់​តាម​របៀប​ណា​?» សំឡេង​គាត់​ឮ​តាម​​មក​ពី​ក្រោយ​។
          ខ្ញុំ​មិន​តប​ប្រឹង​បន្ថែម​ល្បឿន​ជើង​​​ឲ្យ​កាន់​តែ​លឿន… បង​អន្ធិកា​ក៏​រត់​មក​កន្ត្រាក់​ដៃ​ ហើយ​ទាញ​ខ្លួន​ខ្ញុំ​យក​ទៅ​ខាង​ក្រោយ​ទូ​ដាក់​សម្ភារៈ​ រួច​ស្រែក​​សួរ​ដោយ​កំហឹង​តែ​មិន​​ខ្លាំង​ប៉ុន្មាន​ទេ។
          «ឮ​សួរ​ទេ!! ស្គាល់​អាសន្ធិយាតាម​របៀប​ណា??»​
          «​ខ្ញុំ​ស្គាល់​អ្នក​ណា រាប់​អាន​អ្នក​ណា តើ​វា​ទាក់​ទង​អី​នឹង​បង​ឯង!?? និយាយ​ពី​បង​សន្ធិយា​នោះឬ? ខ្ញុំ​ស្គាល់​គាត់​យូរ​មក​ហើយ! ព្រោះ​​ធ្លាប់​បាន​ទៅ​ប្រលង​នៅ​តាម​សាលា​ផ្សេងៗ​ជាមួយ​គាត់​ ហើយ​ក៏…»
          «​ហើយ​ក៏​យ៉ាង​ម៉េច?» ខ្ញុំ​ប្រាប់​មិន​ទាន់ចប់​ផង​គាត់​ក៏​កាត់​សម្តី​ខ្ញុំ​ភ្លាម។
          «​ហើយ​ក៏… អត់​អីទេ… គ្មាន​អី​ផង!» ខ្ញុំ​តប​ទៅ​វិញ​បែបផ្គឺន​ឌឺដង ស្រាប់​តែ​គាត់​ខឹង… ​
          ខ្ញុំ​ក៏​មិន​ដឹង​ដូច​គ្នា​​ថា​គាត់​ខឹង​រឿង​អ្វី? គាត់​ចាប់​ច្របាច់​ដៃ​ខ្ញុំ​យ៉ាងណែន តែ​សំណាង​ល្អ​ដែល​មាន​មនុស្ស​ដើរ​​ឆ្លង​កាត់​មក​ដល់​ល្ម​ម​ គាត់​ក៏​លែង​ដៃ​ខ្ញុំ​វិញ។ បាន​ឱកាស​ខ្ញុំ​ក៏​ដាក់​មេប្រូច​វឹង​ ទៅ​យក​កាតាប​នៅ​ក្នុង​បន្ទប់​អង្គុយ​លេង​ ហើយ​ក៏​ដើរ​ចេញ​ពី​ទី​នោះ​ជាបន្ទាន់។ ចិត្ត​មួយ​ក៏​នឹក​ខ្លាច​ថា​បង​​អន្ធិកា​នឹង​តាម​មក​ឬ​ក៏​អត់ ខ្ញុំ​ក៏​ដើរ​គេ​ច​ទៅ​​រក​តា​ដែន​​​ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ទីនោះ ដើម្បី​គាត់​ជួយ​កាន់​ដំបង​ការ​ពារ​ឆ្កែ​ដេញខ្ញុំ! ហិហិហិ… លួច​ជេរ​បាន​ទៀត! ^-^++ តែ​គិត​ទៅ​គិត​មក បង​អន្ធិកា​ប្រហែល​ជាតាម​ខ្ញុំ​មិន​ទាន់​ទេ ព្រោះ​ខោ​អាវ​ក៏​នៅ​មិន​ទាន់​បាន​ពាក់។
          ទោះ​យ៉ាងណា ​ខ្ញុំ​ក៏​បាន​​រួច​ផុត​ពី​ក្រញាំ​ដៃ​គាត់​ពិត​មែន ​ហើយ​ប្រញាប់​ដើរ​ចេញ​ពី​សាលារៀន​​ហៅ​ម៉ូតូ​ឌុប​ជិះ​ទៅ​ផ្ទះ។ សរុប​មក​ថ្ងៃ​នោះ បង​អន្ធិកា​ក៏​មិន​បាន​ជូន​ខ្ញុំ​ទៅ​ផ្ទះ​តាម​ដែល​តាំង​ចិត្ត​ទុក… អឺ… ភ្លេច​ប្រាប់​ឲ្យ​ឈឹង… ក្រោ​យពី​ចេញ​ផុត​ពី​​​ទីនោះ​ ខ្ញុំ​ក៏​បិទ​ទូរស័ព្ទ​មួយ​រំពេច​​ ព្រោះ​ខ្ញុំ​គិត​ថា​បង​អន្ធិកា​ច្បាស់​ជា​តេ​មក​រក​ខ្ញុំ​ប្រាកដ​ណាស់។
          ថ្ងៃ​នោះ​ខ្ញុំ​ត្រលប់​​ទៅ​​ដល់​ផ្ទះ​​​​​ម៉ោង​ជិត​៧!… ពេល​ទៅ​ដល់​លោក​ប៉ា​ក៏​បន្ទោស​តែ​ម្តង​ ថា​ហេតុ​អ្វី​ក៏​ទាក់​ទង​មិន​បាន​? ខ្ញុំ​ក៏​ប្រាប់​ហេតុ​ផល​ថាទូរស័ព្ទ​អស់​ថ្ម ហើយ​ក៏​សុំ​ខ្លួន​ចូល​បន្ទប់។ ក្រោយ​ពី​ងូត​ទឹក​រួច​រាល់​ លោក​ប៉ា​ក៏​ឡើង​មក​ប្រាប់​ថា​ មាន​គេ​ទូរស័ព្ទ​មក​រក​ ខ្ញុំ​ក៏​​មិន​បាន​​នឹក​ឆ្ងល់​អ្វី​​ គិត​ថា​ប្រហែល​ជា​មិត្ត​ភក្តិ​រួម​ថ្នាក់​ទេ​ដឹង ​ព្រោះ​ភាគ​ច្រើន​ពួក​វា​ចូលចិត្ត​តេ​មក​សួរ​រឿង​កិច្ច​ការសាលា​ ហើយ​តែង​តែ​តេ​ចូល​​លេខ​​​នៅ​ផ្ទះ​ជា​និច្ច។
          ក្រោយ​ពី​​ស្លៀក​ពាក់​រួច​រាល់​​ខ្ញុំ​ក៏​ចុះ​មក​ញ៉ាំ​បាយ​នៅ​​ខាង​ក្រោម​។ អង្គុយ​បាន​តែ​ម៉ា​ភ្លែត​សំឡេង​ទូរ​ស័ព្ទ​លើ​តុ​ក៏​លាន់​ឡើង។ បង​ម៉ុម​​ អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ផ្ទះ​ក៏​ដើរ​ទៅ​ទទួល​ ហើយ​ងាក​មក​ប្រាប់​ខ្ញុំ​ថា​មាន​គេ​ចង់​ជួប។ ខ្ញុំ​ក៏​ដើរ​ទៅ​ទទួល​ទូរស័ព្ទ​ពី​គាត់​…
          «​អាឡូ!… ដាស់​តឿន​ជាមុន​ណា​ កុំ​ដាក់​ទូរស័ព្ទ​ចុះ​ឲ្យ​សោះ!» គ្រាន់​តែ​ចាប់​ផ្តើម​និយាយ​ខ្ញុំ​​ក៏​​​ចាំ​សំឡេង​គាត់​បាន​តែ​ម្តង​ ថែម​ទាំង​គំរាម​ខ្ញុំ​តាំងពី​ដើម​ទី​​ទៅ​ទៀត មនុស្ស​ស្អី​ហ្ន៎! តែ​ដែល​ឆ្ងល់​នោះ​គឺ​​​តើ​​គាត់​បាន​លេខ​ផ្ទះ​ខ្ញុំ​តាម​រយៈ​ណា? តែ​កុំ​ទៅ​ខ្វល់​អី! ដែល​សំខាន់​នោះ​ បង​អន្ធិកា​ពិត​ជា​មិន​​ធម្មតា​ពិត​មែន… ខ្ញុំ​សុំ​ខ្លាច​ហើយ! (>).(<)!
          «​បង​អន្ធិកា!» ខ្ញុំ​ឧទាន​​ទាំង​ភ្ញាក់​ផ្អើល «​បង​តេ​មក​ធ្វើ​អី? ចុះ​នរណា​ឲ្យ​លេខ​បង?»
          «​មិន​បាច់​សួរ​ទេ! កុំ​​ដាក់​ទូរស័ព្ទ​ចុះ​ឲ្យ​សោះ…​ ​ដាស់​តឿន​ឲ្យ​ហើយ! ថ្ងៃ​នេះ​ធ្វើ​ដាក់​យើង​បាន​ឆ្ងាញ់​ណាស់!!» តាម​ស្តាប់​សំឡេង​គាត់​ហាក់​ដូច​ជា​ខឹង​ខ្ញុំ​គ្រាន់​បើ។ លក្ខណៈ​សម្តី​សម្តៅខុស​ពី​ពេល​ព្រឹក​​និង​ល្ងាច​មិញ​នេះ​ឆ្ងាយ​ណាស់។ ខ្ញុំ​ឆ្ងល់​នឹង​គាត់​មែន​ទែន មនុស្ស​​ស្អី​គេ​ ម្តង​ឆ្កួត​ម្តង​ជា! ទាយ​ចិត្ត​​មិន​ត្រូវ​សោះ…
          «​ចាំ​ព្រឹក​ស្អែក​នេះ នឹង​ទៅ​ពន្យល់​ប្រាប់ ប៉ុណ្ណឹងសិន​បានហើយ!» ខ្ញុំ​និយាយ​សំឡេង​ខ្លាំង​ៗ​​ដើម្បី​​ឲ្យ​ប៉ា​និង​ម៉ាក់​បាន​ឮ​​ យល់​ថា​មិត្ត​ភក្តិ​តេ​មក​​សួរលំហាត់​គ្រូ​ដាក់​ឲ្យ​ដូច​មុន​ៗ​ ហើយ​ក៏​​ផ្តាច់​ការ​ទាក់​ទង​ជាមួយ​បង​អន្ធិកា​យ៉ាងព្រងើយ តែ​ខណៈ​ដែល​កំពុង​ដាក់​ទូរ​ស័ព្ទ​ចុះ​នោះ ក៏​ឮ​សំ​ឡេង​ស្រែក​ពី​ចុង​ខ្សែ​ម្ខាង​ទៀត​ថា​៖
          «​ហ៊ឺយ! ឈប់​សិន… កុំ​ទាន់​ដាក់​ចុះ… ឈប់សិន…»
          ដាក់​ទូរស័ព្ទ​ចុះ​រួច​ បម្រុង​នឹង​ដើរ​ទៅ​ញ៉ាំ​បាយ​ត។ មិន​ដល់​១៥​វិនាទី​ពិតមែន សំឡេង​ទូរស័ព្ទ​ក៏​លាន់​ឡើង​ទៀត តែ​លើក​នេះ​ខ្ញុំ​ដើរ​ទៅ​ទទួល​ខ្លួន​ឯង​ ព្រោះ​ដឹង​ស្រាប់​ហើយ​ថា ទោះ​យ៉ាង​ណា​ក៏​ជា​បង​អន្ធិកា​ដែរ។​
          ខ្ញុំ​លើក​ទូរស័ព្ទ​តែ​មិន​និយាយ​…
          «អាឡូ?… អាឡូ… អាឡូ… សូម​ជួប​ជាមួ​យ​សុរិយេ​បន្តិច​បាទ!… អាឡូ?» ជា​សំឡេង​បង​     ​អន្ធិកា។
          «​អូ… ទី​នេះ​មិន​មែនជា​អគារ​ផ្ទះ​ល្វែង​ទេ សង្ស័យ​​តេ​ច្រឡំ​លេខ​ហើយ!» ខ្ញុំ​តប​ទៅ​វិញ​ដើម្បី​ឲ្យ​ប៉ា​ម៉ាក់​យល់​ថា​មាន​គេតេ​ច្រឡំ​លេខ។
          «​អឺ… លេង​បែប​នេះ​ឬ?… បាន! ប្រយ័ត្ន​ខ្លួន​ឲ្យ​ល្អ​ទៅ​!» បង​អន្ធិកា​ចាប់​ផ្តើម​គំរាម​… មើល​ទៅ​គាត់​ហាក់​ដូច​ជា​ខឹង​ខ្លាំងណាស់​ និយាយ​ចប់​ក៏ដាក់​ទូរស័ព្ទចុះ​តែ​ម្តង​។

មានត…

No comments:

Post a Comment