និពន្ធដោយ សុបិន្ត.
ក្រោយពីហេតុការណ៍ថ្ងៃនោះបានពីរថ្ងៃ គឺថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ ខ្ញុំមិនបានទៅសាលារៀនទេ ព្រោះគ្រុនក្តៅមិនស្រួលខ្លួនសោះ… គឺចេះតែធីងធោងរវើរវាយយ៉ាងម៉េចក៏មិនដឹង តែខ្ញុំឈឺពិតមែនណា… មិនដឹងថាមកពីគិតច្រើនពេកឬក៏អត់… ក្នុងរយៈពេលដែលកំពុងដេកឈឺនោះ ខ្ញុំក៏គិតទៅដល់តែរូបភាពថ្ងៃមុនរហូត ហើយក៏អត់ទ្រាំលួចញញឹមចេញមកមិនបាន ហាក់ដូចជាចាប់ផ្តើមចូលចិត្តគាត់យ៉ាងម៉េចក៏មិនដឹង… គឺវិលវល់ឆ្ងល់នឹងខ្លួនឯងដូចគ្នា ថាគិតបែបនេះជាមួយមនុស្សប្រុសពិតមែន ឬយ៉ាងណា?… អាឆ្កួតអើយ ចេះមកធ្វើបែបនេះដាក់យើងទៅកើត! (^_^)
ថ្ងៃសុក្រខ្ញុំក៏ទៅរៀនតាមធម្មតា… អាដេតប្រាប់ខ្ញុំថា បងអន្ធិកាមករក(ជាឈ្មោះរបស់គាត់បាទ! ឈ្មោះពិរោះដូចមុខមាត់អ៊ីចឹង! >_^ ) ផ្ញើប៊ិកយកមកសងវិញ ហើយវាសួរខ្ញុំទៀតថា ទៅស្គាល់បងនោះដោយរបៀបណា ឬមួយទៅហែលទឹកនៅអាងហើយក៏ស្គាល់គាត់… ខ្ញុំក៏ប្រាប់វាថា គ្មានអីទេ… ចៃដន្យស្គាល់មិត្តភក្តិរបស់គាត់ ហើយក៏នាំគ្នានិយាយលេងទៅ។
នៅថ្ងៃនោះខ្ញុំទទួលអារម្មណ៍ខ្លាចៗ ហើយក៏ប្រយ័ត្នប្រយែងគ្រប់ជំហានទាំងអស់ ចេញទៅញ៉ាំបាយថ្ងៃត្រង់ក៏ប្រញិបប្រញាប់ញ៉ាំ ហើយក៏ប្រញិបប្រញាប់ចេញ រហូតអាដេតសង្ស័យព្រោះតាមធម្មតាខ្ញុំនឹងនៅអង្គុយលេងទីនោះទាល់តែខ្វះ១៥នាទីចូលរៀន ទើបខ្ញុំចេញពីហាងបាយ។
ពេលម៉ោងរៀនខ្ញុំក៏មិនសូវមានសមាធិប៉ុន្មានដែរ ព្រោះរូបភាពនោះនៅដិតជាប់នឹងភ្នែករបស់ខ្ញុំមិនព្រមបាត់ទៅណាសោះ! ចិត្តមួយទៀតខ្លាចគាត់យករឿងនេះទៅប្រាប់អ្នកដទៃ ជាពិសេសមិត្តភក្តិរបស់គាត់។ ដូចដែលខ្ញុំប្រាប់អ៊ីចឹង មនុស្សដូចគាត់ ធម្មតាពីណាមក! មើលឃើញកាចសាហាវគ្មានខ្វះចន្លោះត្រង់ណា ហើយនៅមិនសូវព្រមចុះចាញ់នរណាទៀត(និស្ស័យប្រហែលៗខ្ញុំ^^)។ ម្យ៉ាងគាត់មានមនុស្សស្គាល់ច្រើនព្រោះជាកីឡាករហែលទឹក ទើបធ្វើឲ្យខ្ញុំចេះតែខ្វល់ខ្វាយឥតឈប់! ប្រាប់តាមត្រង់ទៅចុះ ថាខ្ញុំពិតជាខ្មាសគេស្លាប់ហើយ បើគាត់យករឿងនោះទៅប្រាប់អ្នកដទៃ ហើយពេលនោះខ្ញុំក៏មិនទាន់ច្បាស់ក្នុងចិត្តថា គាត់គឺជាហ្គេយ៍ឬក៏អត់ ឬមួយក៏ធ្វើទៅព្រោះខឹងខ្ញុំ ទើបខ្ញុំភ័យខ្លាចនឹងការប្រឈមមុខជាមួយគាត់ ព្រមទាំងសង្គមពិសេសសាលារៀន។
ពេលចេញទៅផ្ទះក្នុងថ្ងៃនោះ ខ្ញុំមិនបានទៅអង្គុយចាំលោកប៉ានៅកន្លែងដើមទេ ខ្លាចបងអន្ធិកាមករកខ្ញុំទៀត ហេតុនេះហើយខ្ញុំក៏ទៅចាំលោកប៉ានៅលើបណ្ណាល័យ… សរុបមកថ្ងៃនោះគ្មានអ្វីកើតឡើងទេ… និងមិនកើតរហូតមកដល់ថ្ងៃពុធរបស់អាទិត្យបន្ទាប់មក។
ថ្ងៃនោះខ្ញុំទៅដល់សាលារៀនប្រមាណជាម៉ោង៦និង១៥នាទី គឺព្រឹកបន្តិចហើយ តែក៏ត្រូវតែបែបនេះរាល់ថ្ងៃ ព្រោះលោកប៉ាខ្ញុំត្រូវបើកឡានទៅធ្វើការឆ្ងាយបន្តទៀត ក្រោយពីជូនខ្ញុំមកសាលាហើយ។ នៅថ្ងៃនោះប្រាប់តាមត្រង់ថាមិនបានគិតអ្វីពិតមែន ព្រោះកន្លងមកច្រើនថ្ងៃហើយក៏មិនឃើញមានអ្វីកើតឡើង… គឺដូចប្រក្រតីរាល់ថ្ងៃអ៊ីចឹង ខ្ញុំក៏អង្គុយអានសៀវភៅនៅខាងក្រោយអគាររង់ចាំអា ដេត…
ពេលអង្គុយមិនយូរប៉ុន្មានមក ក៏មានមនុស្សមកអង្គុយក្បែរ។ តែពេលនោះខ្ញុំមិនទាន់ងាកទៅមើលភ្លាមៗទេ ដោយគិតថាប្រហែលជាអាដេតមកដល់ហើយ។ តែក៏នឹកឆ្ងល់តិចៗថាហេតុអីថ្ងៃនេះវាមកលឿនម្ល៉េះ? មិនទាន់ងាកទៅមើលផង សំឡេងដែលធ្លាប់ស្គាល់ក៏ឮឡើង។
«មកលឿនរាល់ថ្ងៃតែម្តងហើយហ្ន៎យើង!»
មែនហើយ គឺជាសំឡេងរបស់បងអន្ធិកា! O_O ខ្ញុំភ័យយ៉ាងខ្លាំង ប្រញាប់ងាកមើលជុំវិញខ្លួនដើម្បីរកមើលគេឯងគ្រាន់បានកក់ក្តៅក្នុងចិត្តខ្លះ តែពេលនោះមិនទាន់មាននរណាមកសោះ ខ្ញុំកាន់តែភ័យខ្លាំងឡើងៗ រូបភាពក្នុងថ្ងៃនោះដែលបងអន្ធិកាធ្វើដាក់ខ្ញុំនៅដិតជាប់ក្នុងភ្នែកខ្ញុំនៅឡើយ តែខ្ញុំក៏ប្រឹងធ្វើទឹកមុខធម្មតាព្រងើយៗ មិនឆ្លើយឆ្លងសម្តីជាមួយថាអ្វីទេ ហើយក៏មិនបានក្រោកគេចចេញទៅណាដែរខ្លាចគាត់បានចិត្តថាខ្ញុំខ្លាចគាត់។
«សួរតាមត្រង់ទៅចុះ មិនធុញខ្លះទេអី? ចេះអានទៅកើតអាសៀវភៅស្អីគេនេះ ឃើញអង្គុយអានរាល់ៗថ្ងៃ!!» គាត់និយាយតែខ្ញុំនៅអង្គុយស្ងៀមស្ងាត់ដូចដើម ចេះតែប្រឹងអានសៀវភៅបន្តទៀត។
«ហ៊ឺយ… គឬអី? ចេះឲ្យបងនិយាយម្នាក់ឯងទៅកើត! ឬមួយខ្លាចបង? អឺ… និយាយអ៊ីចឹងប៊ិកដែលបងផ្ញើទៅឲ្យនោះ បានទទួលហើយឬនៅ?» ខ្ញុំនៅស្ងៀមដដែល។
«ហ៊ឺយ! >[]< នេះប្រាកដជាមិននិយាយមែនឬ? ហ៎ះ!?» គាត់តម្លើងសំឡេងខ្លាំងជាងមុន។
«បានហើយ! \(^A^)/» ខ្ញុំនិយាយបែបមិនចង់ចងមិត្តជាមួយប៉ុន្មានទេ។
«អឺ… និយាយបានដែរតើ! ចុះកើតអី ទើបមិនបានមករៀនអស់ប៉ុន្មានថ្ងៃ? ឈឺឬ?» គាត់សួរខ្ញុំ។ ប្រាប់តាមត្រង់ទៅចុះថា ពេលនោះខ្ញុំឆ្ងល់នឹងគាត់ខ្លាំងណាស់ គាត់និយាយជាមួយខ្ញុំដោយសម្តីសុភាពៗ មិនដូចអាបងឆ្កួត ព្រៃផ្សៃកាលពីថ្ងៃមុនសោះ… តែមិនទាន់បានអីផង គាត់ក៏និយាយឡើងទៀតថា៖
«ស្អីគេ គ្រាន់តែត្រូវ… (សំឡេងស្ងាត់ទៅវិញ គាត់មិននិយាយពាក្យនោះ)… ប៉ុណ្ណឹង… ក៏ដល់ថ្នាក់គ្រុនក្តៅដែរ?» និយាយហើយក៏ធ្វើជាសើចនៅក្នុងបំពង់ក >[]< ។
«បងឯងនេះ អាក្រក់ពិតមែន!» ខ្ញុំជេរតែគាត់មិនខឹងខ្ញុំសោះ បែរជាសើចយ៉ាងសប្បាយ ហើយក៏យកដៃមកចាប់ដៃខ្ញុំ ចាប់បែប… តើគួរឲ្យនិយាយយ៉ាងម៉េចទៅ? គឺបែបៗទទួលអារម្មណ៍កក់ក្តៅយ៉ាងម៉េចមិនដឹង រួចក៏សម្លឹងមុខខ្ញុំ។ ប្រាប់តាមត្រង់ទៅចុះ ថាពេលនោះខ្ញុំអៀនគាត់ខ្លាំងណាស់!(_ _^) ខ្សែភ្នែកគាត់គួរឲ្យអាណិត ភ្នែកស្រទន់ដូចមនុស្សកំពុងសោកសៅ។ ខ្ញុំក៏មិនដឹងជាអធិប្បាយយ៉ាងណា គាត់ប្រែប្រួលខុសប្លែកពីថ្ងៃមុនច្រើនណាស់។ ភ្នែកគាត់មើលហើយក៏ដឹង ថាគាត់មិនមែនជាមនុស្សប្រុសពេញតួ បែបមែនៗ(man) ដូចដែលអ្នកដទៃមើលឃើញពីសម្បកក្រៅនោះទេ។
គាត់និយាយសុំទោសខ្ញុំ ហើយពន្យល់បន្ថែមក្នុងលក្ខណៈថា សុំទោសដែលធ្វើបែបនោះជាមួយខ្ញុំ គាត់ក៏មិនដឹងដូចគ្នាថាហេតុអ្វីក៏ធ្វើបែបនោះទៅកើត។ និយាយរួចគាត់ក៏ខិតចូលមកជិតខ្ញុំ តែប្រហែលជាខ្ញុំនៅខឹងគាត់មិនទាន់បាត់ ទើបជេរគាត់បន្ថែមទៀតថា៖
«ស្អីគេ? វាមិនងាយដូចបងឯងគិតនោះទេ បងគិតថាចង់មកសុំទោសខ្ញុំងាយៗយ៉ាងនេះឬ? សូមចេញទៅឲ្យឆ្ងាយពីខ្ញុំទៅ ខ្ញុំមិនចង់រវីរវល់ជាមួយមនុស្សអាក្រក់ជួរជាតិដូចបងឯងទេ… ចេញទៅ! បងប្រហែលជាធ្វើបែបនេះជាមួយអ្នកដទៃពាសវាលពាសកាលហើយ… កុំគិតឲ្យសោះណា ថាខ្ញុំចិត្តងាយដូចអ្នកដទៃ ខ្ញុំពិបាកជាងការដែលបងគិតទុកច្រើនណាស់ ចាំទុកចុះ! TOT!!»
នៅពេលនិយាយចប់ ខ្ញុំក៏ចាប់សៀវភៅនិងកាតាបដើរចេញមក។ ពេលនោះខ្ញុំក៏ដឹងរួចហើយថាបងអន្ធិកាគឺជាហ្គេយ៍ ដូច្នេះក៏នឹកខ្លាចនៅក្នុងចិត្តជាប់រហូតខ្លាចត្រូវអ្វីបន្ថែមទៀត។ ទីបំផុតសំឡេងស្រែករបស់គាត់ក៏លាន់ឮចេញពីក្រោយមកថា៖
«អឺ… រឿងប៉ុណ្ណឹងគិតថាធំដុំណាស់មែនទេ ក៏ចង់ដឹងដូចគ្នាថាពិបាកមែនឬក៏អត់?… ហ៊ឹះ! និយាយល្អៗមិនចូលចិត្តទេ ចូលចិត្តបែបព្រៃផ្សៃ!ក៏បាន… ចាំចាត់ការឲ្យ… ប្រយ័ត្នខ្លួនឲ្យហើយទៅ!»
ពេលនោះខ្ញុំក៏នឹកខ្លាចនឹងសម្តីរបស់គាត់ដូចគ្នា តែក៏ព្យាយាមគិតថាគាត់នឹងមិនអាចធ្វើអ្វីខ្ញុំបានទេព្រោះនៅសាលារៀនមានមនុស្សច្រើន បើយើងប្រុងប្រយ័ត្នឲ្យល្អកុំនៅម្នាក់ឯង យើងពិតជាមិនត្រូវគាត់ចាប់ធ្វើបាបទៀតទេ។
មានត…
No comments:
Post a Comment