
និពន្ធដោយ សុបិន្ត.
[វគ្គនេះតួឯកប្រុសដ៏ឈ្លើយតែជាកំពូលបុរសសង្ហាចេញមុខហើយ ឈ្មោះអន្ធិកា! ជាកីឡាករហែលទឹក]
តាមលក្ខណៈផ្ទាល់ខ្លួនរបស់ខ្ញុំពេលនោះ(ថ្នាក់ទី៨) ខ្ញុំក៏ជាមនុស្សដែលរៀនពូកែម្នាក់នឹងគេដែរ(ដឹងព្រោះឃើញពិន្ទុខ្ពស់^^) តែក៏នៅជាប់និស្ស័យចាស់ដដែល ដោយមិនចូលចិត្តទៅរវីរវល់ ឬពាក់ព័ន្ធជាមួយនរណាច្រើនទេ។ រៀងរាល់ព្រឹកក្រោយពេលទៅដល់សាលារៀន ខ្ញុំចូលចិត្តអង្គុយងប់ ងល់នឹងសៀវភៅតែម្តង… អានសាចុះសាឡើងមួយចប់ហើយមួយចប់ទៀត ព្រោះមិនសូវមានមិត្តភក្តិ(ល្អៗ)ច្រើន។ ម្យ៉ាងទៀតអាមិត្តសម្លាញ់ដែលស្និទ្ធស្នាលបំផុតនោះ(ឈ្មោះអាដេត) ចូលចិត្តមករៀនយឺតសឹងរាល់ថ្ងៃ ទើបខ្ញុំសម្រេចចិត្តយកសៀវភៅធ្វើជាមិត្ត ក្នុងពេលព្រឹកជំនួសសិនទម្រាំតែវាមកដល់។
តាមខ្ញុំចាំនៅថ្ងៃនោះ ប្រហែលជាខ្ញុំកំពុងអានមេរៀនគណិតវិទ្យា… ខណៈដែលខ្ញុំកំពុងអង្គុយធ្វើលំហាត់គណិតតាមលំដាប់លំដោយទៅនោះ ខ្ញុំក៏បានឮសំឡេងធំៗរំខានត្រចៀករបស់មនុស្សប្រុសម្នាក់ដែលស្តាប់ទៅលាន់ឮល្វើយៗមកពីចម្ងាយ ហើយក៏ចូលមកកាន់តែជិតខ្លួនខ្ញុំរឿយៗ នៅទីបំផុតក៏មកអង្គុយចុះនៅតុក្បែរៗខ្ញុំ… រឿងដែលឮនិយាយគ្នាគឺជារឿងកិច្ចការផ្ទះដែលគ្រូដាក់ឲ្យធ្វើតែអាឆ្កួតនោះវាធ្វើមិនបាន(ហា៎សហា៎ស… ល្ងង់ដល់ក!) ទើបវាមកសុំគេចម្លងតាម ធ្វើឲ្យខ្ញុំដឹងភ្លាមៗថា អាតុនៅខាងៗខ្ញុំនេះជាក្រុមសិស្សច្បង ដែលប្រហែលជារៀននៅថ្នាក់ទី១០ឬ១១… ខ្ញុំក៏អង្គុយស្ងៀមធ្វើមិនដឹងមិនឮរង់ចាំមើលថា តើវានៅតែបន្តស្រែកសំឡេងវ៉េសវ៉ាសបែបនេះបានយូរប៉ុណ្ណាទៀត… ឯអាចិត្តមួយទៀតធ្វើឲ្យរំខានអារម្មណ៍ខ្ញុំខ្លាំងណាស់ គិតមោហោក្តៅក្រហាយចង់តែស្រែកស្តីឲ្យដូចគ្នា តែក៏នឹកខ្លាចចិត្តព្រោះវាជារៀមច្បងយើង។ ក្រោយមកក៏នឹកឃើញចង់ក្រោកទៅអង្គុយនៅតុផ្សេង… តែអុញ៎ញ៎ញ៎… ពេលក្រឡេកមើលទៅក្រោយ ឃើញមានមនុស្សចូលអង្គុយគ្រប់តុអស់ទៅហើយ ទោះបីជានៅមិនទាន់អង្គុយពេញគ្រប់កន្លែងក៏ដោយ… ខ្ញុំក៏ទ្រាំអត់ធន់អង្គុយកន្លែងដើមតទៅទៀត ចិត្តមួយទៀតក៏ចង់ឲ្យអាដេតមកដល់ភ្លាមៗ ដើម្បីបានស្រែកនិយាយគ្នាលុបសំឡេងពួកវាខ្លះ (នេះគឺជា និស្ស័យរបស់ខ្ញុំមួយទៀត ទោះបីជាមិនសូវរវីរវល់នឹងនរណា តែក៏មិនចូលចិត្តឲ្យចាញ់នរណាដូចគ្នា^^)។ ពេលនោះគិតនៅក្នុងចិត្តថា មនុស្សឆ្កួតអីហ្ន៎… សំឡេងដូចក្របីត្រូវដប់ព្រនង់ ឫកពាព្រហើនសមតែត្រូវគេដេញកាប់ តែក៏មិនទាន់ងាកទៅមើលដែរ គឺនៅអង្គុយធ្វើលំហាត់ត… ក្នុងលក្ខណៈមួយដែលខួរក្បាលចាប់ផ្តើមធ្វើការលែងដឹងរឿងអីអស់ហើយ…
មួយភ្លែតក្រោយមក គឺមិនយូរទេ… ខ្ញុំក៏បានឮសំឡេងចេញពីតុអាសំគិសអស់នោះ លាន់ខ្លាំងឡើងជាលំដាប់ គឺដូចជាមានមិត្តភក្តិវាមកចូលរួមចម្លងកិច្ចការផ្ទះនោះកាន់តែច្រើនឡើង ហើយខ្ញុំក៏បានឮសំឡេងល្វើយៗរបស់អាម្នាក់ ដែលខ្ញុំគិតថាសំឡេងដូចក្របីរោទិ៍នោះ និយាយប្រាប់មិត្តភក្តិវាថា៖
«ហ៊ើយ!… អាមុខខ្មោច… ពួកឯងមកតាមក្រោយ ម៉េចក៏មកដណ្តើមយកច្បាប់ដើមរបស់យើងទៅអ៊ីចឹង? វាមានតែពីរក្បាលនេះ បើឯងចង់ចម្លងក៏មកអង្គុយចម្លងជាមួយគ្នាមក៍! ចង់យកទៅមើលតែម្នាក់ឯងម៉េច យើងនៅចម្លងមិនទាន់ហើយផង…!»
(… ខ្ញុំសូមប្រាប់ជាមុនសិនថា អាប្រយោគនិយាយដែលខ្ញុំសរសេរទាំងអស់នេះ អាចនឹងមិនត្រូវតាមសម្តីពិត១០០%ទេ តែខ្ញុំនឹងប្រឹងសរសេរឲ្យប្រហាក់ប្រហែលបំផុត… ហើយឆ្លៀតពេលនេះដែរក៏សូមអភ័យទោសផងចំពោះប្រយោគណា ដែលប្រើភាសាមិនគប្បី ឬ សម្តីមិនសុភាព…)
ហើយអាមិត្តភក្តិសាច់កម្មរបស់វាក៏តបទៅថា៖
«ឯងចង់ឲ្យយើងអង្គុយចម្លងនៅត្រង់ណាវ៉ី… បើនាំគ្នាអង្គុយពេញតុអស់ហើយនោះ…!»
បានបន្តិចមក អាឆ្កួតនោះក៏និយាយចេញមក គួរឲ្យចង់សើចថា៖
«បើអ៊ីចឹង ឯងទៅសុំប្អូននៅតុខាងណោះ អង្គុយសរសេរបន្តិចទៅ! យកទៅមួយក្បាលហើយក៏ចែកគ្នាអង្គុយចម្លងនៅតុហ្នុងទៅ!»
ខ្ញុំភាំងពេលឮដូច្នោះ… ហើយគិតថា អេ៎… អាមោកនេះនិយាយស្រួលដល់ហើយហ្ន៎! រួចក៏នឹកខ្លាចអាមិត្តរបស់វាម្នាក់នោះមកមែន តែគិតថាប្រហែលជាអត់ទេ… ប៉ុន្តែទៅរកឯណាបាន មិត្តរបស់អាឆ្កួតនោះមកពិតមែន មកសុំខ្ញុំចែកកន្លែងអង្គុយហើយសួរថា អង្គុយម្នាក់ឯងឬ ឲ្យបងនិងមិត្តភក្តិសុំកន្លែងអង្គុយធ្វើលំហាត់ផង ខ្ញុំក៏យល់ព្រម។ មួយសន្ទុះក្រោយមក សំឡេងអាឆ្កួតនោះក៏លាន់ជ្រែកមកទៀត៖
«ឃើញទេ?… អាប្អូនវាឲ្យអង្គុយហើយ វាដឹងថានរណាជានរណាវ៉ឺយ!» (ខ្ញុំភ្លេចប្រាប់ទៅថាអាខ្មោចចូលម្នាក់នោះ ទំនងជាល្បីខ្លាំងណាស់នៅក្នុងសាលារៀននេះ ព្រោះវាជាកីឡាករហែលទឹកដែលមានមុខមាត់ស្រស់សង្ហា(សង្ហាខ្លាំងណាស់… រួមទាំងរាងរៅក៏ស៊ិចស៊ីទៀត… អិអិអិ… ^Q^) ក្មេងៗទាំងប្រុសទាំងស្រី ក៏បាក់ចិត្តស្រលាញ់វាច្រើន តែមុននេះខ្ញុំមិនទាន់ស្គាល់វាទេ ធ្លាប់ឮតែឈ្មោះប៉ុណ្ណោះ លុះក្រោយពីមានរឿងថ្ងៃនោះកើតឡើង ខ្ញុំក៏ស្គាល់វាច្បាស់ជាងគេជាងឯង…)
ពេលឮដូច្នោះខ្ញុំក៏ក្តៅក្បាលង៉ឺងខឹងឆេវមួយរំពេច ហើយភាំងភ្លេចខ្លួននិយាយស្រែកទៅវិញយ៉ាងខ្លាំងរណ្តំពេញថ្នាក់រៀន៖
«ខ្ញុំមិនចាប់អារម្មណ៍ថាបងជាអ្នកណាទេ តែដែលខ្ញុំដឹង បងជាមនុស្សដែលគ្មានមារយាទគ្មានសុជីវធម៌… និយាយសំឡេងខ្លាំងៗវ៉េសវ៉ាសស្អីក៏មិនដឹង… ស្អីគេ អង្គុយនៅជិតគ្នាសោះ ហេតុអីចាំបាច់និយាយសំឡេងខ្លាំងៗដល់ថ្នាក់នេះ… សួរទៅចុះ ចង់ល្បីណាស់ឬ? ខ្ញុំធុញទ្រាន់តាំងពីបងមកអង្គុយនៅត្រង់នេះម្ល៉េះ!… នេះ… បើបងសាកមកនិយាយសុំខ្ញុំដោយខ្លួនឯងលមើល៍ ខ្ញុំពិតជាមិនឲ្យមនុស្សដូចបងឯងជាដាច់ខាត!! >[]<!!! »
និយាយហើយខ្ញុំក៏ដើរចេញតែម្តង ចាប់យកតែកាតាបទៅ អាសៀវភៅគិតលេខ សៀវភៅពុម្ពនិងប៊ិកស្អីគេនោះ ភ្លេចយកទាំងអស់(ខឹងមោហ៍បាំងរហូតភ្លេច!) តែតាមដែលសង្កេតឃើញនៅពេលនោះ មានមនុស្សសម្លឹងមើលមកខ្ញុំច្រើនណាស់។ អាខ្មោចឆ្កួតម្នាក់នោះ ត្រូវលក់មុខកណ្តាលចំណោមគេឯងតែម្តង។ ទឹកមុខគេពេលនោះគួរឲ្យអាណិតខ្លាំងណាស់ តែមួយភ្លែតនោះក៏លួចគិតនៅក្នុងចិត្តដូចគ្នាថា «អូហូ… មនុស្សស្អីគេហ្ន៎… មុខមាត់ស្រស់សង្ហាដល់ហើយ!» បងម្នាក់នោះសង្ហាពិតមែនបាទទទ!! ទោះបីជាខ្ញុំកំពុងខឹងប៉ុណ្ណា តែកិលេសនៅក្នុងចិត្តរបស់ខ្ញុំ ក៏នៅតែធ្វើការកើត(ហាសហាសហា… ^O^) ភាពស្រស់សង្ហារបស់អាខ្មោចឆ្កួតនោះ ទាក់ទាញអារម្មណ៍ខ្ញុំមែនទែន!
ក្រោយពីដើរចេញមកបានបន្តិចខ្ញុំក៏នឹកអាណិតគេវិញភ្លាម(ឃើញទេ ភាពស្រស់សង្ហាអាចធ្វើឲ្យមនុស្សយើងប្តូរចិត្តភ្លាមមួយរំពេច ហេះៗៗ…ៗ) ហើយក៏រអ៊ូដាក់ខ្លួនឯងថា មិនគួរទៅថាឲ្យគេឡើយ បងម្នាក់នោះច្បាស់ជាខ្មាសអ្នកដទៃទៀតស្លាប់ហើយ ព្រោះខ្ញុំក៏ស្រែកដាក់ឲ្យគាត់ខ្លាំងៗទៀត… លុះមកដល់ពេលសម្រាកថ្ងៃត្រង់ក៏ភ្លេចរឿងនោះបានបន្តិចទៅ ប៉ុន្តែខណៈដែលកំពុងអង្គុយញ៉ាំបាយនោះ ស្រាប់តែអារម្មណ៍ម្យ៉ាងបានប្រាប់ខ្លួនឯងថា មានមនុស្សកំពុងសម្លឹងមកខ្ញុំ។ តែតាមដែលដឹងគ្រប់គ្នានោះ មនុស្សនៅក្នុងហាងបាយរបស់សាលា មានរាប់ពាន់រាប់ម៉ឺននាក់ឯណោះ ខ្ញុំប្រហែលជាចេះតែគិតខ្លួនឯងទេដឹង?!!
មានត…
No comments:
Post a Comment