Sunday, February 28, 2016

ផ្តើមដោយស្អប់បញ្ចប់ដោយស្រលាញ់ ភាគ1





និពន្ធដោយ សុបិន្ត.



រឿង​របស់​ខ្ញុំ បើ​ថា​ដូ​ច​រឿង​ល្ខោន​​ក៏​មិន​ខុស​ទេ​ដឹង…? ជារឿង​ពិត​ដែលពាក្យ​​ថា «​មិន​អាច​ទៅ​រួច»​ និង​    «​អាច​ទៅ​រួច​»​ កើត​ឡើង​ទន្ទឹម​​គ្នា ហើយ​នៅ​ពេល​ខ្ញុំ​នឹក​ដល់​រឿង​នេះ​ពេល​ណា​​… អារម្មណ៍​ពីរ​ដែល​ខ្ញុំ​មាន​… គឺ… «​ស្អប់​»… ហើយ​ក៏​… «ស្រលាញ់»​​… នឹង​កើត​ឡើង​ព្រមៗ​គ្នា​ តែ​មើល​ទៅ​​អា​មួយ​ខាង​ក្រោយ​នៀក ​ដូច​ជា​នៅ​ក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ​​ច្រើន​ជាង​ ហើយ​ក៏​យូរ​ជាង​ទៀត​ផងងងងង… (អិអិអិ​ .​.​. ^_^ )

          ខ្ញុំ​សូម​និយាយ​ត្រលប់​ទៅ​រក​អតី​តកាល​បន្តិច​ចុះ… គឺ​ពេល​ដែល​ខ្ញុំ​នៅ​តូចៗតាមលក្ខណៈ​​ផ្ទាល់​ខ្លួន​​របស់​​ខ្ញុំ​ គឺ​មិន​មែន​ជា​ក្មេង​​អាវាសែ ដែលអាច​ចេញដើរ​​ ឬ​ទៅរត់​លេង​​​​ស​ប្បាយ ជា​មួយ​មិត្ត​ភក្តិ​​ប៉ុន្មាន​ទេ គឺ​លោក​ប៉ា​របស់​ខ្ញុំ​ជា​មនុស្សកាច​ណាស់ ហើយ​មាន​របៀប​វិន័យ​ច្រើន​ទៀត។ ឯ​ខ្ញុំ​ក៏​មិន​សូវ​ហ៊ាន​ជំទាស់​ប្រកែក​នឹង​ដំបូន្មាន​របស់​គាត់​ប៉ុន្មាន​​ដែរ ព្រោះ​ខ្លាច​ត្រូវ​គាត់​ស្តី​បន្ទោស ​ហើយ​ជា​ពិសេស​គឺ​​រំពាត់​ផ្តៅ​ខ្មៅ​រលើប​នោះ​​តែ​ម្តង។ នែ៎!… កុំ​ប្រាប់​​ថា​មិន​ជឿ​ណា… ខ្ញុំ​ស្រាត​ខោ​ឲ្យ​មើល​គូទ​ក៏​បាន​ដែរ នៅ​មាន​ស្លាក​ស្នាម​​ទល់​​ឥឡូវ​ហ្នឹង! (អូយយយ!… ខ្ញុំ​និយាយ​ច្រើន​ជ្រុល​ទេ​ដឹង ​នៅ​មិន​នៅ​មក​ហែក​កេរ្តិ៍​ខ្លួន​ឯង​​ឲ្យ​គេ​ដឹង! ^A^)។ ដោយ​ហេតុ​នេះ​ហើយ​ទើប​ខ្ញុំ​នៅ​តែក្នុង​ផ្ទះ​តាម​​បញ្ជា​គាត់ តែ​ក៏​មាន​ពេល​ខ្លះ​បាន​ចេញ​​ទៅ​ក្រៅ​ដែរ បើ​មិន​ទៅ​ទិញ​​របស់​ក៏​ចេញ​ទៅ​ពេល​ព្រលប់ៗ ជាមួយ​​លោក​ប៉ា​ដោយ​គាត់​ជា​អ្នក​បើក​ម៉ូតូ​ឲ្យ​ខ្ញុំ​អង្គុយ​ឱប​ចង្កេះ​ពី​ក្រោយ។ មិន​បានទៅ​ឯណា​ឆ្ងាយ​ក្រៅ​ពី​ជិះ​ក្រឡឹង​​ក្នុង​ភូមិ​នោះ​ទេ តែ​ក៏​ធ្វើ​ឲ្យ​ខ្ញុំបាន​​ភ្លើត​ភ្លើន​​ចិត្ត​តាមនិស្ស័យ​​កូន​ក្មេង​គ្រប់​ពេល​ដែរ​ ព្រោះ​​បាន​ចេញ​ទៅ​ឃើញ​លោក​ខាង​ក្រៅ។
                ផ្ទះ​របស់​ខ្ញុំ​នៅ​គីឡូ​លេខ​​​​០៦​​​ នៅមិន​​ឆ្ងាយ​ពី​​រោង​ចក្រ​ចម្ការ​កៅ​ស៊ូទេ តែ​ក៏​មិន​ជិត​ដូច​គ្នា ប្រហែល​ៗ​១គីឡូ​ជាង​ទេ​ដឹង​?​ រូប​ភាព​ដែល​ខ្ញុំ​ចាំ​បាន​ហាក់​ដិត​ជាប់​​នៅ​​នឹង​ភ្នែក​ ពេល​ដែល​លោក​ប៉ា​ទៅ​អង្គុយ​ញ៉ាំ​​ស្រា​បៀរ​​នៅ​ក្នុង​ហាង​ជា​មួយ​​មិត្ត​ភក្តិ​គាត់​ក្បែរ​ភូមិ​០៤ ហើយ​ទុក​ឲ្យ​ខ្ញុំ​​នៅ​អង្គុយ​លេង​មា្នក់​ឯង​ក្បែរ​ហាង​។​​​ នោះ​គឺ​រូប​ភាព​របស់​ក្មេង​ប្រុស​ម្នាក់ ​​អាយុ​ប្រហែល​ជា​ចាស់​ជាង​ខ្ញុំ​២​ឆ្នាំ​ទេ​ដឹង​ មើល​ទៅ​ចរិត​កោង​កាចបន្តិច​ ហើយ​ប្រហែល​ជា​​បង​ធំ​របស់​ក្រុម​​ក្មេង​ៗ នៅ​ក្នុង​ភូមិ​០៤​នោះ​ផង​ក៏​មិន​ដឹង… ឃើញ​វា​កំពុង​អង្គុយ​លេង​ជាមួយ​កូន​ចៅ​ក្មេង​ៗ​របស់​វា​នោះ​ឯង… តាម​ដែល​មើល​ឃើញ​នៅ​ពេល​នោះ អាម្នាក់​ហ្នុង​ វា​ដូច​ជា​មាន​អំណាច​ខ្លាំង​ណាស់​​ហើយ​ក៏​ជា​មេគេ​ទៀត​ផង ឃើញ​វា​និយាយ​អី​ក៏​អាក្មេង​ផ្សេង​ៗ​ទៀត ​ជឿ​​ទាំង​អស់​។ ​ចរិត​បែប​នេះ… ត្រូវ​ម៉ាច់​តែ​ម្តង​!… ខ្ញុំ​សូម​ប្រាប់​តាម​ត្រង់​ទៅ​ចុះ… ថា​ខ្ញុំ    ​«ស្អបបបបប់!!!»…​ ស្អប់​​តាំង​​ពី​ពេល​ដំបូង​ដែល​ឃើញ​ម្ល៉េះ មិន​សូវ​ត្រូវ​រាសី​​ជាមួយ​​វា​យ៉ាង​ម៉េច​​ក៏​មិន​ដឹង​! លុះ​ពេល​ឃើញ​វា​ធ្វើ​ឫក​ក្រអឺត​ ខ្ញុំ​ក៏​ដើរ​គេច​ចេញ​ទៅ​ផ្លូវ​ផ្សេង។ កាល​ណោះ​អារឿង​មុខ​មាត់​ស្អី​គេ​នេះ ខ្ញុំ​នៅ​បែង​ចែក​មិន​ចេញ​ទេ ថា​វា​​ពេល​នោះ​មើល​ទៅសង្ហា​ប៉ុណ្ណា ក៏​ព្រោះនៅ​​ជា​ក្មេង​ប្រុស​តូច​​មួយ​នៅ​ឡើយ​នេះ​ណា… ទើប​មិន​បាន​​ចាប់​អារម្មណ៍​អី​លើ​វាច្រើន​​ តែ​ក៏​ទទួល​អារម្មណ៍​ថា វា​មាន​មុខ​មាត់​ស្រស់​សង្ហា​តាំង​ពី​ពេល​នោះ​ម្ល៉េះ​ ព្រោះ​ឃើញ​មាន​រាង​ឡូយ​​ជាង​​អា​កូន​ចៅ​របស់​វា​ឆ្ងាយ​ណាស់!
          យ៉ាង​ណាៗ​ ក៏និយាយ​រំឭក​រឿង​ចាស់​ឲ្យ​ស្តាប់​រួច​ហើយ តែ​ក៏​សុំ​ត​​បន្តិច​ទៀត​ចុះ និយាយ​​ពី​ខ្លួន​អា​ម្នាក់​​ហ្នុង… វា​នោះ… រំខាន​ជើង​ខ្ញុំ​ឲ្យ​ធ្វើ​ការ​ធ្ងន់​តាំង​ពី​ជួប​គ្នា​គ្រា​ដំបូងម្ល៉េះ!… ពេល​វា​ឃើញ​ខ្ញុំទៅ​មើល​ពួក​វា​លេង​ហើយដើរ​ចេញ​មក​ធ្វើ​ព្រងើយៗ​​ វា​ក៏​ស្រែក​ឡើង​មក​ថា៖
«​ហ៊ើយ!… ហ្អែង​នៅភូមិ​ណា​វ៉ឺយ… យើង​​មិន​ធ្លាប់​ឃើញ​មុខ​​សោះ!??»
ខ្ញុំ​ក៏​មិន​ដឹង​ថា​កើត​អីពេល​នោះ ប្រហែល​ជា​ខ្លាច​វា​ទេ​ដឹង នៅ​សុខ​ៗ​ក៏​រត់​គេច​ចេញ​មក​(​បើ​អាច​ត្រលប់​ទៅវិញ​​បាន ខ្ញុំ​នឹង​ប្រាប់​វា​ថា… «​យើង​​​នៅ​ភូមិ​​០៦​វ៉ឺយ​!… ហ្អែង​ចង់​យ៉ាង​ម៉េច!»…​ ហាស​​ហាសៗៗ) វា​ក៏​សើច​ខ្ញុំ​ហើយ​ស្រែក​ខ្លាំង​ៗ​ឲ្យ​ខ្ញុំ​​បាន​ឮ​ ក្នុង​លក្ខណៈមួយ​ថា​ខ្ញុំ​ប្រហែល​​ជា​ខ្លាច​វា​និង​កូន​ចៅ​របស់​វាហើយ… ខ្ញុំ​ពេល​នោះ​ខឹង​វា​ខ្លាំង​ណាស់​​តែ​អានិស្ស័យ​ផ្ទាល់​ខ្លួន​នេះ​ គឺ​មិន​សូវ​តប​ត​​អី​នឹង​អ្នក​ណា​ប៉ុន្មាន​ទេ​​ ក៏​ប្រញាប់​រត់​​ចេញ​ទៅ​ព្រងើយៗ​ ទាំង​ដែល​បាន​ឮ​ថា​វា​កំពុងសើច​​​ចំអក​ឲ្យ​ខ្ញុំ (​មើល​មក​ខ្លួន​ឯង​ដូច​ជា​​ក្មេង​ទន់​ជ្រាយ​​យ៉ាង​ម៉េច​មិន​ដឹង… ធ្វើ​ម៉េច​បើ​​អ្នក​ផ្ទះ​អប់​​រំ​ល្អ… ​គឺ​ល្អ​ពិត​មែនណា ​មិន​មែន​និយាយ​​លើក​គូទ​ខ្លួន​ឯង​ទេ! ^-^;;​​)។ លុះ​ពេល​លោក​ប៉ា​ពិសា​ស្រា​បៀររួច​​ ត្រលប់​ទៅ​ដល់​ផ្ទះ​ ខ្ញុំ​ក៏​គិត​តែ​​អារឿង​ឆ្កួត​នេះ​​នៅ​ក្នុង​ខួរ​ក្បាល​រហូត… គឺ​ដូចជា​ស្អប់​អា​មុខ​ខ្មោច​​​នោះ​ដល់​ក​ហើយ​ គិត​បណ្តើរ​រអ៊ូ​ដាក់​ខ្លួន​ឯង​បណ្តើរ​…
          «អា​សាច់​កម្ម​អើយ កុំ​ឲ្យ​យើង​បាន​ជួប​ ឬ​បាន​ស្គាល់​ឯង ​ក្នុង​ជាតិ​នេះ​ឲ្យ​សោះ!» ​រូប​ភាព​និង​សំឡេង​ដែល​វា​ថា​ឲ្យ​ខ្ញុំ នៅ​រុក​កួន​រំខាន​ខួរ​ក្បាល​ខ្ញុំ​មិន​យូរ​ប៉ុន្មាន​ ក៏​រលុប​រលាយ​ទៅ​តាម​ធម្មជាតិ​របស់​ក្មេង​​ដែល​មាន​គំនិត​ភ្លឺ​ថា្ល… រហូត​ពេលវេលា​​​​កន្លង​មក​៧​ឆ្នាំ ​ដែលពេល​នេះ​​ខ្ញុំ​មាន​អាយុ​១៣​ឆ្នាំ​កំពុង​​រៀន​​នៅ​​ថ្នាក់​​ទី​៨ គ្រោះ​អាក្រក់​ក៏​មក​តាម​លង​បន្លាចខ្ញុំ​ម្តង​ទៀត​… ហ៊ឹះ!… ថែម​ទាំង​លង​សាហាវ​ទៀត​ផង…! TwT

1 comment: